ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញនៃសហភាពប្រៃសណីយ៍សកល (UPU) នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី​

ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមមហាសន្និបាតវិសាមញ្ញលើកទី២ នៃសហភាពប្រៃសណីយ៍សកល (UPU) ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី។



នេះគឺជាមហាសន្និបាតវិសាមញ្ញលើកទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់សហភាពប្រៃសណីយ៍សកស បន្ទាប់ពីមហាសន្និបាតវិសាមញ្ញលើក១ ត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩០០ នៅប្រទេសស្វីស។ មហាសន្និបាតវិសាមញ្ញលើកទី២ ដែលបានដំណើរការនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី មានការចូលរួមពីប្រតិភូតំណាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ និងអ្នករៀបចំផែនការយុទ្ធសាស្ត្រ ដែលមកពីបណ្តាប្រទេសសមាជិកសហភាពប្រៃសណីយ៍សកល (UPU) រួមជាមួយតំណាងអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិដទៃទៀត សរុបប្រមាណជាង ២៣០០នាក់មកពី ១៣៤ប្រទេសជុំវិញពិភពលោក។

មហាសន្និបាតវិសាមញ្ញលើកទី២ នេះ ​បានបន្តពិភាក្សាអំពីបញ្ហាសំខាន់ៗ និងបន្ទាន់ដែលមិនអាចសម្រេចបានកាលពីមហាសន្និបាតពេញអង្គលើកទី២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួកគី កាលពីឆ្នាំ២០១៦។ ក្នុងស្មារតីនេះ សន្និបាតវិសាមញ្ញលើកទី២ បានលើកយករបៀបវារៈជាអាទិភាពមួយចំនួនមកពិភាក្សារួមមាន ការកែទម្រង់ធម្មនុញ្ញ នីតិវិធីការងារ ការបង់វិភាគទានសមាជិកភាពរបស់ប្រទេសសមាជិក និងបទបញ្ជាផ្ទៃក្នុងសម្រាប់មហាសន្និបាត ព្រមទាំងការកែទម្រង់ UPU ដើម្បីធានានូវប្រសិទ្ធភាពនៃការសម្រេចចិត្ត និងនិរន្តរភាពការងាររបស់ខ្លួន។



ជាមួយគ្នានេះ ក៏មានវេទិកាពិភាក្សាថ្នាក់រដ្ឋមន្ត្រី ដើម្បីផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក្នុងនោះរួមមានតួនាទីរបស់ប្រៃសណីយ៍ក្នុងការជំរុញពាណិជ្ជកម្មអេឡិកត្រូនិក (E-Commerce) ការជំរុញការវិនិយោគលើវិស័យប្រៃសណីយ៍ ភាពជាដៃគូរវាងរដ្ឋនិងឯកជន ការធ្វើសមាហរណកម្ម និងនវានុវត្តន៍ប្រតិបត្តិការប្រៃសណីយ៍លើពិភពលោក ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាប្រៃសណីយ៍  ក៏ដូចជាចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ វេទិកាពិភាក្សាថ្នាក់រដ្ឋមន្ត្រីនេះ ក៏បានពិនិត្យវាយតម្លៃលើវឌ្ឍនភាពពាក់កណ្តលអាណត្តិដែលសមាជិក UPU អនុវត្តបានគិតចាប់តាំងពីមហាសន្និបាតពេញអង្គលើកទី២៦ នៅប្រទេសទួកគី និងកំណត់ទិសដៅអាទិភាពអនុវត្តបន្តសម្រាប់រយៈពេលបន្ទាប់ឆ្ពោះទៅមហាសន្និបាតពេញអង្គលើកទី២៧ ដែលនឹងប្រព្រឹត្តទៅនៅប្រទេស Cote d'ivoire ក្នុងឆ្នាំ២០២០។

តាមរយៈការធ្វើវិសោធនកម្មលិខិតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌការងារ និងកំណែទម្រង់ UPU ដែលសន្និបាតវិសាមញ្ញនេះបានពិភាក្សា និងអនុម័ត ក៏ដូចជាការចែករំលែកទស្សនទានរបស់វាគ្មិនសំខាន់ជុំវិញការអភិវឌ្ឍវិស័យប្រៃសណីយ៍ គឺជាជំនួយស្មារតីដ៏មានសារៈសំខាន់ដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ជាមូលដ្ឋានក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តបម្រើដល់ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង ការអភិវឌ្ឍ ការកសាងសមត្ថភាព និងការពង្រឹងស្ថាប័នក្នុងវិស័យប្រៃសណីយ៍នៅក្នុងនិន្នាការថ្មីនៃសេដ្ឋកិច្ចឌីជីថល៕






 

កិច្ចប្រជុំក្រុមការងារទទួលបន្ទុកសិទ្ធិមនុស្ស នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើបច្ចុប្បន្នភាពការងារ​

ប្រតិភូកម្ពុជាចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីសន្តិសុខលើប្រព័ន្ធអុីនធឺណិតលើកទី៣ នៅប្រទេសសិង្ហបុរី​

សិក្ខាសាលាស្តីពី “ការគ្រប់គ្រង និងការដេញថ្លៃហ្វ្រេកង់ស៍វិទ្យុ”​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំសិក្ខាសាលាពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​

piseth | ថ្ងៃ ច័ន្ទ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1386

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤