ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបិទ ”សិក្ខាសាលាថ្នាក់ខ្ពស់ស្ដីអំពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសកម្ពុជា” នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ភ្នំពេញ​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ភ្នំពេញ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទ ”សិក្ខាសាលាថ្នាក់ខ្ពស់ស្ដីអំពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នៅប្រទេសកម្ពុជា”។ 

បច្ចេកវិទ្យាជំរុញផលិតភាពកំពុងធ្វើឲ្យពិភពលោកដែលយើងកំពុងរស់នៅបច្ចុប្បន្នមានការប្រែប្រួលដូចជា របៀបដែលយើងផលិត និងប្រើប្រាស់ជាដើម។ នេះគឺជាបដិវត្តន៍ឧស្សាហកម្មទី៤ ដែលគេហៅកាត់ម្យ៉ាងទៀតថា (ឧស្សាហកម្ម ៤.០)។ ថ្ងៃនេះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO), និងអង្គការពលកម្មអន្តរជាតិ (ILO) បានរួមគ្នារៀបចំសិក្ខាសាលាកម្រិតខ្ពស់នេះឡើង ដើម្បីពិភាក្សានិងកំណត់ពីចំណុចខ្វះខាតគោលនយោបាយនានា និងដាក់ចេញនូវអនុសាសន៍សំខាន់ៗដែលអាចជួយសម្រួលដល់ការអភិវឌ្ឍឧស្សាហកម្ម (4.0) នៅកម្ពុជា។ ឧស្សាហកម្ម ៤.០ សំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត បច្ចេកវិទ្យាជីវសាស្ត្រ quantum computing ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗអំពីការគ្រប់គ្រងផលិតកម្ម។ បច្ចេកវិទ្យាទាំងនេះក៏នឹងធ្វើឲ្យមានការផ្លាស់ដំណើរការផលិតកម្មដែលនាំឲ្យមានការចោទសួរអំពីទស្សនទានសេដ្ឋកិច្ចជាមូលដ្ឋានមួយចំនួន ក៏ដូចជាការបែងចែកកម្លាំងពលកម្ម និងឧត្ដមភាពនៃការប្រកួតប្រជែងជាដើម។ មានន័យថានឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងដល់ផលិតកម្ម ការរៀបចំសេដ្ឋកិច្ច និងការដឹកជញ្ជូនដោយសារតែមានការបង្កើតយ៉ាងឆាប់រហ័សនូវផលិតភាពតាមរយៈការកាត់បន្ថយថ្លៃដើម និងការបង្កើនគុណភាពផលិតផល។ 

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

“ក្នុងការរៀបចំព្រឹត្តិការណ៍នេះ អង្គការសហប្រជាជាតិ មានគោលបំណងបង្កើនការយល់ដឹងដល់តួអង្គសំខាន់ៗអំពីប្រធានបទដ៏សំខាន់នេះ ដើម្បីគាំទ្រដល់គោលនយោបាយឆ្លើយតបរបស់រដ្ឋាភិបាល និងឈ្វេងយល់ពីតម្រូវការនានារបស់វិស័យឯកជនជុំវិញឧស្សាហកម្ម ៤.០។ ទីភ្នាក់ងារសហប្រជាជាតិ នៅតែមានសុទិដ្ឋិនិយមជុំវិញកាលានុវឌ្ឍភាព និងសក្តានុពលនានារបស់បច្ចេកវិទ្យាឧស្សានកម្ម ៤.០។ យ៉ាងណាមិញ យើងជឿជាក់ថាគោលនយោបាយ និងសកម្មភាពអនុវត្តន៍នៅតែមានភាពចាំបាច់ប្រសិនបើគេចង់ធានានូវការទទួលបានកាលានុវឌ្ឍភាព និងសក្តានុពលពីបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ នេះ។” នេះបើតាមប្រសាសន៍របស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជានៃអង្គការសហប្រជាជាតិ។

សម្រាប់ប្រទេសមួយចំនួនក៏ដូចជាកម្ពុជា បច្ចេកវិទ្យាឧស្សាហកម្ម ៤.០ នាំឲ្យមានការគិតពិចារណាពីថ្លៃដើមមូលធនធៀបនឹងកម្លាំងពលកម្ម និងភាពចម្រុះគ្នារវាងថ្លៃដើមមូលធននឹងកម្លាំងពលកម្មនៅក្នុងផលិតកម្ម។ ប្រការនេះមានភាពពាក់ព័ន្ធជាមួយនឹងទីតាំងផលិតផលកម្ម ការបែងចែកផលចំណេញរវាងប្រទេសនិងប្រទេស និងរវាងអ្នកចូលរួមនានានៅក្នុងចង្វាក់តម្លៃ។

ហេតុនេះ ឧស្សាហកម្ម ៤.០ អាចធ្វើឲ្យប៉ះពាល់ដល់របៀបអភិវឌ្ឍន៍សេដ្ឋកិច្ចសកលតាមបែបប្រពៃណីដោយហេតុ ការវិនិយោគនិងផលិតកម្មនឹងងាកចេញពីបណ្ដាប្រទេសអភិឌ្ឍន៍នៅភាគខាងជើង ដែលសម្បូរដោយមូលធនទៅរកប្រទេសភាគខាងត្បូងដែលសម្បូរដោយកម្លាំងពលកម្ម តាមរយៈលំហូរការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេស និងការវិនិយោគក្នុងស្រុក។ នេះអាចនាំឲ្យមានបញ្ហាធំៗសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសដែលមានចំណូលទាប និងប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលកំពុងជួបការលំបាកក្នុងការបង្កើនសមត្ថភាពផលិតកម្ម និងការធ្វើសមាហរណកម្មចូលទៅក្នុងទីផ្សារសកល។

លោក Nick Beresford នាយកប្រចាំប្រទេស UNDP
 
លោក Nick Beresford នាយកប្រចាំប្រទេស UNDP បានឲ្យដឹងថា “ឧស្សាហកម្ម ៤.០ កំពុងកើតមាននាពេលបច្ចុប្បន្ននេះ ហើយមិនយូរប៉ុន្មាននឹងមានឥទ្ធិពលមកលើយើងទាំងអស់គ្នា។ លើសពីនេះ ការពិចារណាលើសំណួរជុំវិញប្រធានបទនេះឲ្យបានទាន់ពេលវេលា អាចផ្ដល់ឲ្យរដ្ឋាភិបាលថ្មីនៅកម្ពុជានូវតំណរភ្ជាប់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ឧស្សាហកម្ម ៤.០ បង្ហាញពីកាលានុវឌ្ឍភាព និងការប្រឈម ដូច្នេះចាំបាច់ត្រូវមានការប្រើប្រាស់អភិក្រមគោលនយោបាយជាយុទ្ធសាស្ត្រ ដោយរដ្ឋាភិបាលត្រូវដឹងពីផលប៉ះពាល់ និងប្រមើលមើលជាមុនពីបញ្ហាប្រឈមនានា ក៏ដូចជា ត្រូវរៀបចំផែនការនិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបិទសិក្ខាសាលានេះថា “ដើម្បីសម្រេចបាននូវគោលបំណងក្នុងការនាំឧស្សាហកម្ម ៤.០ មកកម្ពុជាចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការឲ្យបានរឹងមាំរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជនក្នុងឧស្សាហកម្ម និងស្ថាប័នសិក្សាស្រាវជ្រាវនានា។ តាមរយៈកិច្ចសហប្រតិបត្តិការបែបនេះ យើងអាចបង្កើតនូវលក្ខខណ្ឌចាំបាច់ធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងផ្ដល់លទ្ធភាពឲ្យមានការសម្របខ្លួន ដើម្បីឈានទៅសម្រេចលទ្ធផលជាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងសង្គមរបស់យើង”។
















 

លោកជំទាវ ឈរ ​ណារី​ ត្រាំ អុីវតឹក​ ដង្ហែ​អង្គកឋិន​ទាន​ទៅ​វេរប្រគេន​ព្រះ​សង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​មណ្ឌល​វិបស្សនាធុរៈ​សារ​នាឋ​ពោធិរាជ​​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមសន្និសីទស្តីពី “The 5th World Internet Conference-WIC)“  នៅក្រុងWuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈ​ប្រតិភូក្រសួង អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុង Dong Guan​

piseth | ថ្ងៃ អង្គារ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 434

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤