ឯកឧត្តម តុល ញ៉ក់ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំ“ក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក”២៥-២៩ ខែមិថុនា ឆ្នាំ២០១៨ ទីក្រុងដាណាង សាធារណរដ្ឋសង្គមនិយមវៀតណាម​

ទីក្រុងដាណាង៖ ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូដែលរួមមានតំណាងក្រុមការងារមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមការងារមកពីប្រៃសណីយ៍កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (Asian-Pacific Postal Union Executive Council Meeting ឬ APPU-EC Meeting) ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងដាណាង (Da Nang) សាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើងដោយសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) ដែលជាអង្គការអន្តររដ្ឋាភិបាលនៅក្នុងតំបន់ មានប្រតិបត្តិការផ្តោតលើវិស័យ​ប្រៃសណីយ៍ ហើយបច្ចុប្បន្ននេះសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU)មានសមាជិកចំនួន ៣២ ប្រទេស ។ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក APPU-EC 2018 មានប្រតិភូតំណាងប្រទេសជាសមាជិកចូលរួមចំនួន២២ប្រទេស  និងអង្គភាពសង្កេតការណ៍ មួយចំនួនផ្សេងទៀត ពិសេសវត្តមានចូលរួមពីសំណាក់ប្រតិភូសហភាពប្រៃសណីយ៍សកល (Universal Postal Union ឬ UPU) ដែលដឹកនាំដោយ ឯកឧត្តម Bishar Abdirahman Hussein អគ្គនាយក នៃសហភាពប្រៃសណីយ៍សកល ។



កិច្ចប្រជុំបានពិភាក្សា លើប្រធានបទសំខាន់ៗមួយចំនួន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់លើ                        វិស័យប្រៃសណីយ៍  រួមមាន៖
  • ពិភាក្សាអំពីការកែទម្រង់ និងការលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពការងាររបស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក, និន្នាការនិងគោលនយោបាយអភិវឌ្ឍន៍សេវាប្រៃសណីយ៍, កាលានុវត្តិភាព និងបញ្ហាប្រឈមក្នុងអាជីវកម្មប្រៃសណីយ៍ ជាពិសេសនិន្នាការថ្មីក្នុងវិស័យប្រៃសណីយ៍ដែលកំពុងឆ្ពោះទៅពាណិជ្ជកម្មបែប           អេឡិកត្រូនិក (E-Commerce)
  • ការធ្វើបច្ចុប្បន្នភាពពីសកម្មភាព និងស្ថានភាពថវិការបស់ APPU ព្រមទាំងពិនិត្យអំពីវឌ្ឍនភាពការងារដែលក្រុមការងារនិងគណៈកម្មការក្រោមឱវាទសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) បានអនុវត្ត      ព្រមទាំងពិនិត្យ និងពិភាក្សាលើផែនកាថវិកាសម្រាប់ប្រតិបត្តិការរបស់ APPU និងការបែងចែកកម្មវិធីវគ្គ      បណ្តុះបណ្តាលដល់សមាជិក APPU ក្នុងឆ្នាំ២០១៩
  • ពិភាក្សាអំពីខ្លឹមសាររួមដែលផ្តល់ប្រយោជន៍ដល់ការរីកចម្រើនវិស័យប្រៃសណីយ៍នៅក្នុងតំបន់ ដែលជាធាតុចូលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទៅអនាគត ដើម្បីលើកយកទៅពិភាក្សានៅក្នុងមហាសន្និបាតវិសាមញ្ញរបស់សហភាពប្រៃសណីយ៍សកល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Addis Ababa ប្រទេស Ethiopia ។
 
ក្នុងឱកាសនៃការបំពេញបេសកកម្មចូលរួមក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈប្រតិភូកម្ពុជា បានដឹកនាំក្រុមការងារជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Bishar Abdirahman Hussein អគ្គនាយក នៃសហភាពប្រៃសណីយ៍សកល (Universal Postal Union  ឬ UPU) ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍រវាងកម្ពុជា និង UPU និងឆ្លៀតឱកាសធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាព​ និងស្ថានភាពរីកចម្រើននៃវិស័យប្រៃសណីយ៍នៅកម្ពុជាជូនប្រតិភូ UPU ដើម្បីបានជ្រាប។ លទ្ធផល  សំខាន់ៗជាសង្ខេបនៃកិច្ចពិភាក្សារួមមាន៖
  • ឯកឧត្តមអគ្គនាយក និងជាប្រធានប្រតិភូ បានជម្រាប ជូន ឯកឧត្តម Bishar Abdirahman Hussein អំពីវឌ្ឍនភាព និងស្ថានភាពនៃវិស័យប្រៃសណីយ៍នៅកម្ពុជារួមមាន៖ ១.ការកែទម្រង់វិស័យប្រៃសណីយ៍នៅកម្ពុជាបណ្តាឆ្នាំកន្លងទៅ  ២.សមត្ថកិច្ច រចនាសម្ព័ន្ធគ្រប់គ្រប់ និងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ៣.ការកសាងលិខិតបទដ្ឋានគតិយុត្ត ៤.ការដាក់ឲ្យអនុវត្តនិងផ្សព្វផ្សាយអំពីការកែសម្រួល និងបំពេញបន្ថែមលេខកូដប្រៃសណីយ៍នៅកម្ពុជា និង ៥.ការបង្កើតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលរួមមានការបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រៃសណីយ៍។
  • ឯកឧត្តមអគ្គនាយក បានស្នើ UPU ផ្តល់កិច្ចសហការ និងជួយគាំទ្រដល់កម្ពុជា ជាពិសេសក្នុងផ្នែកការកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការផ្តល់អ្នកជំនាញសម្រាប់ការងារពាក់ព័ន្ធនានា។
  • ជាមួយនេះ ឯកឧត្តមប្រធានប្រតិភូកម្ពុជា ក៏បានស្នើ ឯកឧត្តម Bishar Abdirahman Hussein អគ្គនាយក នៃសហភាពប្រៃសណីយ៍សកល និងប្រតិភូ ពិនិត្យលទ្ធភាពពេលវេលាសមស្របដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហភាពប្រៃសណីយ៍សកលបន្ថែមទៀត។
  • ឯកឧត្តម Bishar Abdirahman Hussein បានថ្លែងកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យនៅ    កម្ពុជានិយាយរួម និងចំពោះការរីកចម្រើនក្នុងវិស័យប្រៃសណីយ៍និយាយដោយឡែក។ ជាមួយគ្នានេះដែរ      ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងនាមជាប្រទេសសមាជិកនាពេលកន្លងមកនៅក្នុងសម្មភាពរបស់ UPU ហើយបានស្នើសុំកម្ពុជាពិនិត្យពិចារណាគាំទ្រក្នុងមហាសន្និបាតវិសាមញ្ញ របស់សហភាពប្រៃសណីយ៍សកល ដែលនឹងលើកមកពិភាក្សាអំពីការកែទម្រង់ប្រព័ន្ធផ្តល់មូលនិធិសម្រាប់ UPU ដោយកំណត់នូវប្រព័ន្ធបង់ថវិកាវិភាគទានជាក់លាក់មួយគិតតាមសន្ទុះ ឬចំណាត់ថ្នាក់សេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិក នៅក្នុងចំណោមរបៀបវារៈសំខាន់ៗដទៃទៀត សំដៅធានាចីរភាពនៃសហភាពប្រៃសណីយ៍សកល។
  • ឯកឧត្តម Bishar Abdirahman Hussein បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ដឹកនាំប្រតិភូកម្ពុជាទៅចូលរួមក្នុងមហាសន្និបាតវិសាមញ្ញនៃសហភាពប្រៃសណីយ៍សកល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Addis Ababa ប្រទេស Ethiopia ដែលជាព្រឹត្តិការណ៍មួយរៀបចំឡើងពាក់កណ្តាល    អាណត្តិ តាមស្មារតីនៃមហាសន្និបាតពេញអង្គលើកទី២៦របស់ UPU ដែលបានអនុម័តនៅប្រទេសទួកគីកាលពីពេលកន្លងទៅ។









 

កិច្ចប្រជុំក្រុមការងារទទួលបន្ទុកសិទ្ធិមនុស្ស នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើបច្ចុប្បន្នភាពការងារ​

ប្រតិភូកម្ពុជាចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីសន្តិសុខលើប្រព័ន្ធអុីនធឺណិតលើកទី៣ នៅប្រទេសសិង្ហបុរី​

សិក្ខាសាលាស្តីពី “ការគ្រប់គ្រង និងការដេញថ្លៃហ្វ្រេកង់ស៍វិទ្យុ”​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំសិក្ខាសាលាពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​

piseth | ថ្ងៃ អង្គារ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 820

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤