ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីប្រកាសតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាបថ្មី ​

សៀមរាប៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក សុខ សីហា ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប ជំនួសឯកឧត្ដម ហុង ប៊ុនធ្វី ដែលបានដាក់ឱ្យចូលនិវត្តន៍ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំង ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រតិភូអមដំណើរ និងលោក-លោកស្រី មន្ត្រីរាជការមកពីបណ្តាក្រសួង មន្ទីរ-ស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។ 

 ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់មន្ទីរដែលបានអនុវត្តកន្លងមករបស់អតីតប្រធានមន្ទីរ និងមតិប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរថ្មី ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ដែលតែងខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនសម្រេចបាននូវលទ្ធផលជាផ្លែផ្កាបន្តបន្ទាប់គួរជាទីមោទនៈ។ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវអំណត់ព្យាយាមរបស់លោក ហុង ប៊ុនធ្វី ក្នុងការដឹកនាំសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ធ្វើឲ្យវិស័យទាំងបីមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ ឯកឧត្ដមរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ការប្រគល់ភារកិច្ចជូនលោក សុខ សីហា ជាប្រធានមន្ទីរថ្មីនាពេលនេះ លោក លោកស្រីទាំងអស់នឹងបន្តស្មារតីទទួលខុសត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួយជាយោបល់គ្នាទៅវិញទៅមកដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ។ សហការឲ្យបានល្អជានិច្ចជាមួយបណ្ដាមន្ទីរពាក់ព័ន្ធដើម្បីធានាសម្រេចបានល្អប្រសើរក្នុងការអនុវត្តផែនការ និងកិច្ចអភិវឌ្ឍវិស័យទាំងបីក្នុងខេត្តឲ្យមានការរីកចម្រើនជាបន្តទៀត។



ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងអំពីការងារសំខាន់ៗដែលក្រសួងសម្រេចបាននាពេលថ្មីនេះដូចជា៖ ការធ្វើទំនើបកម្មស្ថាប័នតាមរយៈការជំរុញការធ្វើកំណែទម្រង់រដ្ឋបាល ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ  ការខិតខំផ្ដល់សេវាទូរគមនាគមន៍ឲ្យគ្របដណ្ដប់ទូទាំងប្រទេស ការបញ្ចូលបច្ចេកវិទ្យាថ្មីៗឈានឈ្ពោះទៅរកការអភិវឌ្ឍមួយបានសមស្របឆ្លើយតបទៅនឹងសំណូមពរនៃការប្រើប្រាស់។ ការបន្តកែលម្អការគ្រប់គ្រងវិស័យប្រៃសណីយ៍ដោយយកចិត្តទុកដាក់ពង្រឹងនូវរចនាសម្ព័ន្ធប្រៃសណីយ៍ព្រមទាំងសមត្ថភាពស្ថាប័នដើម្បីធ្វើសេវាកម្ម ការធ្វើទំនើបកម្ម ការផ្ដល់សេវាផ្នែកនេះកាន់តែឆាប់រហ័សកាន់តែមានជំនឿទុកចិត្ត។ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សមានការវិវត្តន៍ប្រែប្រួលលឿន និងកំពុងដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ រាជរដ្ឋាភិបាលចាត់ទុកវិស័យនេះជាវិស័យថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចផង និងការរីកចម្រើននៃសង្គមកម្ពុជាផង។

មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើរចំពោះលោកប្រធានមន្ទីរថ្មី សូមខិតខំបំពេញការងារដោយបន្តនូវរាល់បណ្ដាគម្រោង កម្មវិធីការងារដែលប្រធានមន្ទីរចាស់បានរៀចចំរួចដើម្បីធានាឲ្យបាននិរន្តរភាពការងារ និងភាពរីកចម្រើនរបស់អង្គភាព និងវិស័យជំនាញ។ ចេះសហការជាមួយអស់លោកជាថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ។ យកចិត្តទុកដាក់រៀនសូត្រការងារពីមន្ត្រីដែលមានបទពិសោធន៍ក្នុងមុខជំនាញនេះ ប្រមូលផ្តុំនូវធនធានបញ្ញាដើម្បីធានាបានប្រសិទ្ធិភាពការងារ និងឈ្លាសវៃចេះដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីភាពរីកចម្រើនរបស់អង្គភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រី៕






























 

មតិស្វាគមន៍របស់រដ្ឋមន្រ្តី​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 437

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤