Ministry of Posts and Telecommunications

ឯកឧត្ដមរដ្ឋមន្ត្រី​ ត្រាំ អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ ​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និយោជិត ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងប្រតិបត្តិករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាព និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត ព្រមទាំងមន្រ្តីរាជការ និយោជិតទាំងអស់របស់ក្រសួង ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចជួយជម្រុញឱ្យក្រសួងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្ដមបានចាត់ទុកសន្និបាត នេះជាវេទិការមួយដើម្បីពិគ្រោះ ពិភាក្សាត្រួតពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៧ កន្លងទៅ និង លើកវិធានការរកដំណោះស្រាយកំណត់អាទិភាព និងយុទ្ធសាស្រ្តសម្រាប់ធានាការអភិវឌ្ឍវិស័យទាំងបីឱ្យរីកចម្រើនថែមទៀតក្នុងឆ្នាំ២០១៨ និងបណ្តាឆ្នាំខាងមុខ។


 

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីបន្តអនុវត្តន៍គោលដៅយុទ្ធសាស្ត្ររបស់ក្រសួងក្នុងបរិបទនៃការប្រែប្រួលដ៏ឆាប់រហ័ស និងកាលានុវត្តភាពថ្មីៗនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងICT យើងបានប្រមើលឃើញថា ពិតជាជួបបញ្ហាប្រឈមជាច្រើនដែលត្រូវខិតខំបន្តដោះស្រាយដូចជា៖

១.យកចិត្តទុកដាក់បន្តការងារកំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់សមត្ថភាព ការបន្តពង្រឹង តួនាទីស្ថាប័នគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងាររបស់ក្រសួងប្រកបដោយ តម្លាភាព គណនេយ្យភាព។ ជម្រុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការពង្រឹងសមត្ថភាពការងារ ការបង្កើនអត្រាមន្ត្រីរាជការ និយោជិត ចេះប្រើប្រាស់ប្រព័ន្ធសូហ្វែរ(Software) និងកម្មវិធីមូលដ្ឋានស្របតាមនិន្នាការបច្ចេកវិទ្យា ពិភពលោក និងសេដ្ឋកិច្ចឌីជីថល។

២.ការបង្កើនសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទាន់ពេលទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទំនើប។ ជម្រុញ និងគាំទ្រដល់សកម្មភាពរបស់វិទ្យាស្ថានជាតិរបស់ក្រសួង លើការបំប៉នមន្រ្តីរាជការ ការបណ្តុះបណ្តាលសិស្ស និស្សិត លើមុខជំនាញនៃវិស័យទាំងបី ព្រមជាមួយការខិតខំស្វែងរកប្រភពជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស។

៣.បន្តរៀបចំប្រព័ន្ធប្រៃសណីយ៍ ឱ្យមានលក្ខណះទំនើប ទាន់សម័យ មានស្តង់ដារអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ព្រមជាមួយការពង្រីកសេវាឱ្យដល់គ្រប់មូលដ្ឋាន ភូមិ - ឃុំ។ លើកកម្ពស់ការធ្វើប្រតិបត្តិការបណ្តាញប្រៃសណីយ៍អន្តរជាតិ និងបន្តបង្កើតសេវាថ្មីៗ បន្ថែមទៀតតាមតម្រូវការទីផ្សារ បច្ចុប្បន្ន និងតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានប្រកបដោយ គុណភាព។

៤.បន្តរៀបចំបណ្តាលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនបន្ថែមទៀត។ បន្តពង្រឹងប្រសិទ្ធភាពនៃបញ្ញត្តិកម្ម សម្តៅការគ្រប់គ្រងវិស័យនេះប្រកបដោយប្រសិទ្ធភាព ធានាបាននូវបរិស្ថានប្រកួតប្រជែង ដោយស្មោះត្រង់ ស្មើភាពគ្នា តម្លាភាព និងមានទំនុកចិត្ត។ បន្តកសាងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ និង ICT ព្រោះបច្ចុប្បន្នវិស័យ នេះកំពុងមានសក្តានុពលបំផុត ហើយក៏ជាបដិវត្តន៍មួយមានឥទ្ធិពលលើមធ្យោបាយ រស់នៅ របស់ប្រជាជន, ការសិក្សា, ការអនុវត្តការងារ និងការធ្វើអន្តរកម្មរបស់រាជរដ្ឋាភិបាលជាមួយ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល និងបានជួយរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម។

៥.បន្តពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជម្រុញការអភិវឌ្ឍលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង (Backbone Infrastructure) សម្រាប់បម្រើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពិសេសបណ្តាញខ្សែកាប្លិ៍អុបទិកដែលមានសមត្ថភាពខ្ពស់ អាចចូលរួមបម្រើសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ ដល់បណ្តាញទូរគមនាគមន៍ជនបទ។

៦.បង្កើនលទ្ធភាព និងជម្រុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមទាំងការតភ្ជាប់អ៊ីនធឺណេតល្បឿនលឿនងាយស្រួលប្រើប្រាស់ មានតម្លៃសមរម្យដល់ប្រជាជនទូទៅ ពិសេសនៅ តាមតំបន់ឧស្សាហកម្ម-ទេសចរណ៍ និងគ្រឹះស្ថានសិក្សា ដើម្បីបម្រើដល់គោលដៅកសាង ធនធានមនុស្សអប់រំ បណ្តុះបណ្តាល និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម និងវប្បធម៌។
៧.បន្តរៀបចំក្របខ័ណ្ឌ និងការអភិវឌ្ឍប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិករួមមួយទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព សន្សំសំចៃពេលវេលា និងថវិកា ដោយបន្តពង្រឹងតួនាទីស្ថាប័នបណ្តុះបណ្តាលធនធានមនុស្ស និងកសាងក្របខណ្ឌគតិយុត្តិ។
៨.បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងវិស័យឯកជនជម្រុញលើកទឹកចិត្តការអភិវឌ្ឍវិស័យ ICT ក្នុងការវិនិយោគលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចូលបច្ចេកវិទ្យាថ្មី ការបញ្ជ្រាបការយល់ដឹងអំពី ICT ដល់ទីជនបទ ។ បន្តរៀបចំគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការអនុវត្តកម្មវិធីកាតព្វកិច្ច USO ។

៩.ពង្រឹងការរកចំណូលជូនរដ្ឋតាមរយៈការខិតខំប្រមូលចំណូល ជម្រុញការទារបំណុល ។ បន្តការគ្រប់គ្រងបំណុលរបស់បណ្តាក្រុមហ៊ុន និងប្រតិបត្តិករទាំងអស់ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ពង្រឹងការគ្រប់គ្រងចំណូលឲ្យបានម៉ឹងម៉ាត់ តាមរយៈការត្រួតពិនិត្យតាមដានកាតព្វកិច្ចស្វ័យប្រកាស និងការប្រើប្រាស់ មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាកម្មទូរគមនាគមន៍ (DMC) ដើម្បីបង់ចំណែកនៃផលចំណូល (Revenue Sharing)ឲ្យបានទៀងទាត់តាមច្បាប់ទូរគមនាគមន៍ ។
១០.បន្តពង្រឹងយន្តការសម្របសម្រួល និងកិច្ចសហការជាមួយស្ថាប័ន​ ឯទៀតដែលពាក់ព័ន្ធទាំងស្ថាប័នថ្នាក់ជាតិ, ថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីរួមដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាប្រឈម តាមរយៈយន្តការនៃការពិគ្រោះយោបល់ ព្រោះយើងត្រូវចាត់ទុកថា ស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនពិតជាដៃគូដ៏ស័ក្តិសិទ្ធ និងមិនអាចខ្វះបានក្នុងការកំណត់ទិសដៅ និងធ្វើគ្រប់សកម្មភាព ដើម្បីអភិវឌ្ឍន៍វិស័យទាំងបី ឲ្យទទួលបានជោគជ័យ។

១១.បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងជាមួយស្ថាប័នអន្តរជាតិដើម្បីធ្វើឱ្យវិស័យទូរគមនាគមន៍ និង ICT ដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រ ការកសាងសហគមន៍អាស៊ាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្ស....។ល។

១២.បន្តការផ្សព្វផ្សាយ និងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT។

ឯកឧត្ដមរដ្ឋមន្ត្រីសង្ឈឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្រ្តីរាជការរបស់ក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ នៅតែជួយគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធបន្តទៀតជាមួយក្រសួងដើម្បីឲ្យក្រសួងអាចឈានទៅសម្រេចបានជោគជ័យនូវផែនការសកម្មភាពការងារឆ្នាំ២០១៨ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យទាំងបី ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មានការវិវត្តប្រែប្រួលលឿន និងកំពុងដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ស្របតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕














 

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោក Lin Hongliang អគ្គលេខាធិការ APPU ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង​

ឯកឧត្ដមរដ្ឋមន្ត្រី  ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ លើកទី៧ ​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាភិបាលមូលនិធិនៃការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​

piseth | ថ្ងៃ ពុធ ទី ០៤ ខែ មេសា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 504

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤