ឯកឧត្តម​ តុល ​ញ៉ក់  និងឯកឧត្តម​ ជុន វ៉ាត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​​សន្និសីទ​សារព័ត៌មាន​មូល​និធិ​នៃ​កាតព្វកិច្ច​​សេវាសកល​ទូរ​គមនាគមន៍”​ និង​ “មូល​និធិ​​នៃ​ការ​កសាង​សមត្ថភាពនិង​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​​លើ​វិស័យ​​ទូរ​គមនាគមន៍​​និង​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន​”​

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៦រោច ខែមាឃ ​ឆ្នាំរកា ​ព.ស.២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០១៨ ​នៅទីស្តីការ​​ក្រសួង​​ប្រៃសណីយ៍​​និង​ទូរ​គមនាគមន៍​ មាន​​រៀប​ចំ​​សន្និសីទ​សារព័ត៌មាន​​ស្តីពី​​ “​មូល​និធិកាតព្វកិច្ច​​សេវាសកល​ទូរ​គមនាគមន៍​”​ (ក.ម.ក.ស.ទ.)​ និង ​“មូល​និធិ​​នៃ​ការ​កសាង​សមត្ថភាព​និង​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​​លើ​វិស័យ​​ទូរ​គមនាគមន៍ ​​និង​បច្ចេក​វិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​”​ (ស.អ.)​ ក្រោម​​អធិបតីភាព​ ឯកឧត្តម​ តុល ​ញ៉ក់ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​ និង​ជា​​ប្រធាន​​លេខាធិការ​នៃ​ ក.ម.ក.ស.ទ.​ និងឯកឧត្តម​ ជុន វ៉ាត ​អគ្គនាយក​ នៃអគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និងជាប្រធាន​​លេខាធិការ​ដ្ឋាន​​នៃ​ក្រុម​ប្រឹក្សា ​ស.អ.​។



I.​មូលនិធិកាតព្វកិច្ច​សេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.)​
កាតព្វកិច្ច​សេវាសកល​ទូរគមនាគមន៍ ​មិនមែន​ជា​ទស្សនទាន​ថ្មី​នោះទេ ​វា​ត្រូវ​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ១៩៩៦​ដោយ​ចាប់​ផ្តើម​ពី​សហរដ្ឋ​អាមេរិក​ និង​ពង្រីក​រហូត​មក​ដល់​ប្រទេស​ជាច្រើន​ទៀត​នៅ​ពេល​ដែល​វិស័យ​ទូរ​គមនាគមន៍​ចាប់​ផ្តើម​រីក​ចម្រើន។​ ហេតុនេះ​ កាតព្វកិច្ច​នេះ​ត្រូវ​បាន​អនុវត្ត​ជាទូលំទូលាយ​នៅ​លើ​សកល​លោក​ជា​អស់​រយៈពេល​​ជាង​ ២០ឆ្នាំ​មកហើយ​ ដោយ​ផ្អែក​លើ​គោលការណ៍​ជាមូលដ្ឋានបី​គឺ​ Availability Affordability ​and ​Accessibility​  ដែល​មាន​ន័យថា ធ្វើ​យ៉ាង​ណា​ឲ្យ​សេវា​ទូរគមនាគមន៍​គ្រប​ដណ្តប់​ឲ្យ​បាន​គ្រប់​ទី​កន្លែង​ មាន​តម្លៃ​សមរម្យ​ និង​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​វិស័យ​នេះ​បាន​ដោយ​គ្រប់ៗគ្នា​។​
ITU ​បាន​ជំរុញ​រដ្ឋ​សមាជិក​របស់​ខ្លួន​ឲ្យ​អនុវត្ត​ USO ​នេះ​ឲ្យ​បាន​ទូលំទូលាយ ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​ទស្សន​ទាន​ ២០២០​ ដើម្បីឲ្យ ​៩០% ​នៃ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ជនបទ​ទូទាំង​ពិភព​លោក​មាន​សេវាអ៊ីនធឺណេត​ល្បឿន​លឿន​ប្រើប្រាស់​។​ កម្ពុជា​ដែល​ជា​រដ្ឋ​សមាជិក​មួយ​ដែរ​បាន​សិក្សា​ពី​លទ្ធភាព​បង្កើត ​USO ​នេះ​ឡើង​តាំង​ពី​ឆ្នាំ​២០០១​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ផ្នែក​បច្ចេកទេស​ពី​ ITU។​ ក៏​ប៉ុន្តែ​ដោយ​ស្ថាន​ភាព​អភិវឌ្ឍន៍​វិស័យ​សម័យ​កាល​នោះ​មិន​ទាន់​មាន​ភាព​រីក​ចម្រើន ​និង​សម្បូរ​បែប​នៅ​ឡើយ ​ម្យ៉ាង​ទៀត​ ដោយ​យល់​ថា​នា​ពេល​នោះ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​នៃ​ការ​ធ្វើ​សេរីភាវូបនីយកម្ម​នៃ​វិស័យ​នេះ​ផង​ដែរ​ រាជរដ្ឋាភិបាល​ក៏​មិន​ទាន់​លើក​យក​ USO ​នេះ​មក​អនុវត្ត​។ នាឆ្នាំ​២០០៧​ ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទូរ​គមនាគមន៍​អាស៊ាន​នៅ​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា​ រដ្ឋ​មន្ត្រី​ទាំងអស់​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​ពង្រីក​សេវា​ទូរគមនាគមន៍​នេះ​ទៅ​ជនបទ​ ហើយ​ USO​ ត្រូវ​បាន​យក​មក​ពិភាក្សា​យ៉ាង​ទូលំទូលាយ​។ ចាប់​ពី​ពេល​នោះ​មក​ រដ្ឋ​ជា​សមាជិក​អាស៊ាន​ជា​ច្រើន​បាន​អនុវត្ត​គោល​ការណ៍​នេះ ​ដោយ​ឡែក​កម្ពុជា​ទើប​តែ​ចាប់​ផ្តើម​នា​ឆ្នាំ​២០១៧​ នេះទេ។​
ផ្អែក​តាម​អនុក្រឹត​ ស្តីពី​ការ​កំណត់​យន្តការ​សម្រាប់​ការ​អនុវត្ត​កម្ម​វិធី​កាតព្វកិច្ច​សេវាសកល​វិស័យ​ទូរគមនាគមន៍​ បាន​កំណត់​ថា​ ប្រតិបត្តិករ​ទូរគមនាគមន៍​ទាំងអស់​ត្រូវ​បង់​វិភាគ​ទាន​ ២% ​នៃ​ចំណូល​ដុល​របស់​ខ្លួន​មក​មូល​និធិកាតព្វកិច្ច​សេវាសកល​ជា​រៀងរាល់​ឆ្នាំ​។ ​ហើយ​ថវិការ​នេះ​នឹង​យក​ទៅ​អនុវត្ត​ដូច​មាន​ចែង​ក្នុង​មាត្រា២០​ ដូច​ខាងក្រោម​៖​

ក-កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ទូរ​គមនាគមន៍​សម្រាប់​អ៊ីនធឺណិត​ល្បឿនលឿន​នៅ​តាម​តំបន់​អាទិភាព​។​
ខ-ផ្តល់ ពង្រឹង និងពង្រីកសេវាទូរគមនាគមន៍ និងសេវា​បច្ចេកវិទ្យា​គមនាគមន៍ ​និងព័ត៌មាន​ ទំនើប​ និង​ល្បឿន​លឿន​នៅ​តំបន់​អាទិភាព​ដែល​បាន​កំណត់​ក្នុង​ចំណុច ​(ក) ​នៃមាត្រានេះ ​ប្រកប​ដោយ​សុវត្ថិភាព​ និង​សន្តិសុខ​។​
គ-​ជំរុញការកាត់បន្ថយគម្លាតឌីជីថល ដើម្បីចូលរួមអភិវឌ្ឍសង្គម​ និង​សេដ្ឋកិច្ច
​ឃ-ផ្តល់សេវាគ្រាអាសន្នទូទាំងប្រទេសដោយឥតគិតថ្លៃ។

ការចូលវិភាគ​ទានរបស់​ប្រតិបត្តិករ​ទូរ​គមនាគមន៍​មិនមែន​ជាពន្ធដាទេ​ ព្រោះ​ថា​ថវិការ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដោយ​ប្រតិបត្តិករ​ទូរ​គមនាគមន៍​វិញ​ដើម្បី​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​នៅ​តាម​តំបន់​ដែល​បាន​ចែង​ខាង​លើ​ និង​ស្រប​តាម​គោលការណ៍​ដែល​កំណត់​ដោយ​ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិកាតព្វកិច្ច​សេវាសកល​ទូរគមនាគមន៍​។ ​សម្រាប់​ឆ្នាំ​ដំបូង​នៃ​ការ​អនុវត្ត​គម្រោង​របស់​មូល​និធិ​នេះ ​ក្រុម​ប្រឹក្សា​ភិបាល​បាន​កំណត់​យក​តំបន់​សាកល្បង​​ចំនួន​៦ស្រុក​ដែល​មាន​លក្ខណៈសង្គម​ និងសេដ្ឋកិច្ច​ផ្សេងៗគ្នា​ ជា​តំបន់​អាទិភាព​សម្រាប់​អនុវត្ត​គម្រោង​ឆ្នាំ​២០១៧​ ដូចជា៖​
  • នៅខេត្តកំពង់ឆ្នាំង (ស្រុកទឹកផុស និងកំពង់លែង )​
  • នៅខេត្តកណ្តាល (ស្រុកល្វាឯម ខ្សាច់កណ្តាល និងស្អាង)​
  • នៅខេត្តព្រះសីហនុ​ (ស្រុកកំពង់សីលា និង)​
  • នៅខេត្តកោះកុង (ស្រុកថ្មបាំង ផ្តោតលើតំបន់អារ៉ែង)​
បច្ចុប្បន្ននេះ ក្រុមការងារលេខាធិការដ្ឋានបានរៀបចំចុះវាស់ស្ទង់សេវាគ្រប​ដណ្តប់​នៅតាម​តំបន់​មួយ​ចំនួន​ ហើយ​ទទួល​បាន​ទិន្នន័យ​បឋម​មួយ​ចំនួន​។​ ក្រុម​ការងារ​នឹង​ចុះ​បញ្ចប់​ការងារ​នេះ​នៅ​សប្តាហ៍ទី៣ ​នៃ​ខែ​កុម្ភៈ​នេះ ​ហើយ​នឹង​អញ្ជើញ​ប្រតិបត្តិករ​ទូរ​គមនាគមន៍​ណាដែល​បាន​បង់​វិភាគ​ទាន​រួច​រាល់​ចុះ​ពិនិត្យ​ជាក់​ស្តែង​ ហើយ​លើក​គម្រោង​​ស្នើ​មក​ក្រុម​ប្រឹក្សា​ភិបាល ​ដើម្បី​សុំ​ទូទាត់​ការ​អនុវត្ត​គម្រោង​ស្នើ​សុំ​ទូទាត់​ជាមុន​ (offset) ​សម្រាប់​ឆ្នាំ​២០១៧​​​។​ដោយឡែក​ក្រុម​ការងារ​លេខាធិការ​ដ្ឋាន​កំពុង​បញ្ចប់​ពង្រាង​​ផែន​​ការ​​សកម្មភាព​​ឆ្នាំ​២០១៨​ ហើយ​នឹង​ប្រកាស់​តំបន់​ផ្សេងៗ​ទៀត​សម្រាប់​អនុវត្ត​គម្រោង ​USO ​នេះ។​

II.មូល​និធិ​នៃការ​កសាងសមត្ថភាព​ និងការ​ស្រាវជ្រាវ​និងការ​​អភិវឌ្ឍ​លើ​​វិស័យ​ទូរគមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍​និងព័ត៌មាន​ (ស.អ.)​
១.មូល​និធិ​​នៃ​ការ​​កសាង​សមត្ថភាព​​ និង​ការ​​ស្រាវ​ជ្រាវ​​​ និងការ​​អភិវឌ្ឍ​​វិស័យ​​ទូរគមនាគមន៍​ បច្ចេកវិទ្យា​ ​គមនាគមន៍​ និង​ព័ត៌មាន​​ ឬ​ហៅកាត់​ថា​​ មូលនិធិ ស.អ ​គឺ​ជាមូល​និធិ​​បង្កើត​​ឡើង​​ដោយ​​ច្បាប់​​ទូរ​គមនាគមន៍​​ ដើម្បី​ទ្រទ្រង់​ ​និង​លើក​កម្ពស់​​ដល់​​ការ​​កសាង​សមត្ថភាព ​និង​ការ​​ស្រាវជ្រាវ​​ និង​ការ​​អភិវឌ្ឍ​​វិស័យ​​ទូរ​គមនាគមន៍​ បច្ចេកវិទ្យា​​គមនាគមន៍​ និងព័ត៌មាន​​​​ ដែល​​មូល​ដ្ឋាន​គ្រឹះ​សំខាន់​​ក្នុង​ការ​​ទ្រទ្រង់​​វិស័យ​​ទាំង​មូល​ក៏​​ដូច​ជា​​ដើម្បី​​ការ​កសាង​​ឧស្សាហកម្ម​​​នេះ​នៅ​កម្ពុជា​​ ប្រកប​ដោយ​​ភាព​ប្រកួត​ប្រជែង​​​ក្នុង​​យុគ​សម័យ​​សេដ្ឋកិច្ច​​ឌីជីថល​​​។ ​មូល​​និធិ​​នេះ​​ឋិត​​នៅ​​ក្រោម​​ការ​​គ្រប់គ្រង​​ ចាត់​ចែង​​ និង​ទទួល​ខុស​​ត្រូវ​​របស់​​ក្រុម​ប្រឹក្សា​​ភិបាល​​​មួយ​​ដែល​មាន​​សមាសភាព​​ចំនួន ​០៧រូប​​ មក​​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​ ក្រសួង​​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​  ក្រសួងអប់​រំ​ យុវជន​ និងកីឡា ​និង​ ក្រសួង​​ការងារ​និង​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ​ ហើយ​​មាន​​លេខាធិការដ្ឋាន​​មួយ​​ជា​សេនាធិការ​​ជំនួយ​​ការ​​គ្រប់គ្រង​ និង​​ចាត់​ចែង​​ការងារ​​របស់​​​ក្រុម​ប្រឹក្សា​​ភិបាល​​។​
​​២.ថវិកា​​​ក្នុង​​មូលនិធិ​នេះ ​គឺជាការ​បង់​​វិភាគទាន ​១% ​​នៃ​ចំណូលដុល​​ជា​​រៀង​​​រាល់​​ឆ្នាំ​​របស់​​ប្រតិបត្តិករ​ ​ទូរ​គមនាគមន៍​​​ដែល​កំពុង​ធ្វើ​​អាជីវកម្ម​​ក្នុង​ប្រទេស​​កម្ពុជា​។ ការ​​​ប្រមូល​​មូល​និធិ​បាន​ចាប់​​ផ្តើម​​ធ្វើ​​ឡើង​​ក្នុង​​ឆ្នាំ​​២០១៧។​ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​ សូម​សម្តែង​នូវ​ការ​​កោត​​សសើរ​​យ៉ាង​​ខ្លាំង​​ចំពោះ​​ប្រតិបត្តិករ​ ​​ទាំង​​អស់​​ដែល​​បាន​​​ចូល​រួម​​អនុវត្តច្បាប់​ ដើម្បី​​​សម្រេច​​បាន​​ទិសដៅ​​​អភិវឌ្ឍ​ជាក់លាក់​​ដែល​​ដាក់​ចេញ​ដោយ​​ រាជ​រដ្ឋាភិបាល​។​ មក​ដល់​ពេល​នេះ​​ក៏​មាន​​ប្រតិបត្តិករ​​ជា​ច្រើន​​ទៀត​​បាន​​បង្ហាញ​ជំហ​​ទន់ភ្លន់​​ជាមួយ​​រដ្ឋាភិបាល​​ដោយ​​​ស្នើ​សុំ​​បង់វិភាគទាន​​​ជា​​ដំណាក់​​កាល​ដែរ​​​​។​ ​       ​
៣.​ជាសកម្មភាព​​​កន្លង​​មក​ក្រុម​ប្រឹក្សា​មូលនិធិ ស.អ ​បាន​​កោះប្រជុំ​ចំនួន​​ ០៥​ លើ​ក​​រួច​មក​​ហើយ​​។ ដោយ​កិច្ច​​ប្រជុំ​​០៤លើក​ ​បាន​​​ធ្វើ​​ឡើង​​ក្នុង​​ឆ្នាំ​២០១៧ ​​​ដើម្បី៖​
  • ​ពិនិត្យ​រៀបចំ​ដំណើរការ​លេខាធិការ​​ដ្ឋាន
  • បង្កើត​យន្តការ​ប្រមូលនិធិ
  • ​ពិនិត្យ​រៀបចំ​ផែនការ​​ការ​កសាងសមត្ថភាព​ និងការ​ស្រាវជ្រាវ​និងការ​អភិវឌ្ឍ​​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន (ផែនការ ស.អ) ដើម្បីដាក់ចេញជា​ការអនុវត្ត​ក្នុង​ឆ្នាំ​ ២០១៧​-​២០១៨ ​ដោយប្រើប្រាស់មូលនិធិនេះ​ចំទិសដៅ និងមាន​ប្រសិទ្ធភាពខ្ពស់​បំផុត​។ ​ផែនការ ស.អ ​ត្រូវ​រៀបចំ​សម្រាប់​​អនុវត្ត​ស្របតាម​ទិសដៅ​អាទិភាព​ ដែលបាន​ចង្អុល​រួចជាស្រេច​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មាន​ ឆ្នាំ២០២០ និង​​គោលដៅ​អភិវឌ្ឍ​ធន​ធាន​​មនុស្ស​ខាង​ផ្នែកបច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ របស់​ក្រសួង​អប់រំ​ យុវជន និងកីឡា​ដែរ។​​ ទាំងជាផែនការ​​​រយៈពេល​វែង ​និងខ្លី ក្រុមប្រឹក្សា​ភិបាល​បាន​សម្រេច​​ប្រើប្រាស់​មូលនិធិ ស.អ.​អនុវត្ត​សកម្មភាព​​អាទិភាពក្នុង​​​​គោលដៅ​យុទ្ធសាស្រ្ត​​ចំនួន​បី​គឺ៖
        +ជំរុញការអភិវឌ្ឍ​ធនធាន​មនុស្ស​ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​។
        +ជំរុញ​ការស្រាវជ្រាវ ​និង​​អភិវឌ្ឍន៍ នវានុវត្តន៍​ ក្នុងវិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន។​​
        +ជំរុញ​ការបង្កើត​អាជីវកម្មថ្មីៗ ​ខាង​ផ្នែក​បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មាន​។
ជាផែនការសម្រាប់​ឆ្នាំ​២០១៧ និង២០១៨​ ក្រុមប្រឹក្សា​បាន​​កំណត់​​​សកម្មភាពអាទិភាពចំនួន​១៤ និងគម្រោង​​ត្រូវ​អនុវត្ត​ជាច្រើន​ទៀត​។
 
៤. នៅក្នុងថ្ងៃនេះ​ ក្រុមប្រឹក្សា​ភិបាល​បាន​កោះ​​ប្រជុំ​លើ​កទី​៥​​ ហើយ​បាន​សម្រេច​​អនុម័តគម្រោង​ និង​ការងារ​​ចាំបាច់​មួយ​ចំនួន​ដូចខាង​ក្រោម​៖
-គម្រោង​សាង​សង់មជ្ឈមណ្ឌល​​នុវានវត្ត​ន៍ និងសហគ្រិន​ភាព​​ ដែល​នឹង​ប្រើប្រាស់​ទឹកប្រាក់​សរុប ៣,៦ លានដុល្លា​សហរដ្ឋអាមេរិក​​។​
-​ការទូទាត់​​គម្រោង​ពាក់ព័ន្ធនានា​ដែលប្រតិបត្តិករ​បាន​អនុវត្ត​ដោយ​ផ្ទាល់​ដូចជា​ការ​​ផ្តល់​អាហារូបករណ៍​​ដល់និសិត្ស​ជំនាញ​ទូរគមនាគមន៍ និងព័ត៌មាន​វិទ្យា​ ការជួយ​បណ្តុះបណ្តាល​និង​ពង្រីក​កម្មវិធី​សហគ្រិន​ភាព​​ផ្នែក​បចេ្ចកវិទ្យា​គមនាគមន៍ និងព័ត៌មាន​។​​
 -ការពិនិត្យលៃលក​ថវិកា​​​​មូល​និធិសម្រាប់​ការ​ពង្រីក​ថ្នាក់រៀន​កុំព្យូទ័រ នៅ​តាម​មធ្យមសិក្សា​ទូទាំង​ប្រទេស​។​ ក្រុមប្រឹក្សា​បាន​ស្នើ​ឱ្យអ្នកបច្ចេកទេស​រវាង​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងក្រសួង​អប់រំ​ យុវជន និងកីឡា សិក្សា​​លក្ខណៈបច្ចេកទេស​រួចស្រេច​ដើម្បីដាក់សំណើរ​អនុវត្ត​មក​ក្រុមប្រឹក្សា​មូលនិធិពិនិត្យ​សម្រេច​​​។
-ដោយឡែក​គម្រោង​ដទៃ​ទៀត​នឹងត្រូវ​ប្រកាស​ជា​សាធារណៈ​​សម្រាប់​ស្វែង​រក​ដៃ​គូរ​អនុវត្ត​ នៅពេល​ ដែល​​មូលនិធិ​ត្រូវ​បាន​ប្រមូល​ជាបន្តបន្ទាប់​​៕














 

​សិក្ខាសាលា​ស្តីពី ​“និន្នាការ ​និង​បច្ចេកវិទ្យា ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន”​​

សន្និសីទសារព័ត៌មានស្តីពីការ​រៀប​ចំ​កម្មវិធី​ប្រកួត​ប្រជែង​ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៨​

​កិច្ច​ប្រជុំដើម្បី​​ត្រួត​ពិនិត្យ​ និងវាយ​តម្លៃ​លើការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរ​គមនាគមន៍​-បច្ចេក​វិទ្យាគមនាគមន៍ និង​ព៍ត៌មាន​

កិច្ច​ប្រជុំ​ស្តីពី «​ការ​អភិវឌ្ឍ​វិស័យ​ប្រៃ​សណីយ៍ ​២០១៨​-២០២២»​

piseth | ថ្ងៃ អង្គារ ទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 798

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤