ឯកឧត្តម​ ត្រាំ អុីវតឹក ​អញ្ជើញ​​ជា​​អធិបតី​ក្នុងពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៧​-​២០១៨​ នៃ​វិទ្យា​ស្ថាន​ជាតិ​ប្រៃ​សណីយ៍ ​ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​

រាជធានីភ្នំពេញ៖ ​ព្រឹក​ថ្ងៃទី១៤ ​ខែធ្នូ​ ឆ្នាំ២០១៧ ​ឯកឧត្តម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃណីយ៍ ​និង​ទូរ​គមនាគមន៍​ ​អញ្ជើញ​​ជា​​អធិបតី​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៧​ -​ ២០១៨​ ដែល​ប្រារព​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ​ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ហៅ​កាត់​ថា ​នីប​តិច ​(NIPTICT) ​ដោយ​​មាន​​ការ​​អញ្ជើញ​​ចូល​​រួម​​ពី​​ថ្នាក់​ដឹក​នាំនៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​វិទ្យាស្ថាន​ជាតិ​ NIPTICT​ និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​សរុប​មាន​ចំនួន​ប្រមាណ ​២០០នាក់​។​

ឯកឧត្តម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃណីយ៍ ​និង​ទូរ​គមនាគមន៍
 
ក្នុង​ពីធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៧​-​២០១៨​នេះ ​ឯកឧត្តម​​ ត្រាំ ​អុីវ​តឹក​ បាន​សំដែង​នូវ​ការ​កោត​សរសើរ​នឹង​អំណរ​សាទរ​ដល់​ក្មួយៗ​ និសិ្សត​ជ័យ​លាភី​ទាំង​អស់​ដែល​បាន​ជាប់​ការ​ប្រទ្បង​ប្រជែង​ចូល​រៀន​ឆ្នាំ​ទី១​នៅ​វិទ្យាស្ថាន​ជាតិ​។ គោល​ការណ៍​នៃ​ការ​ជ្រើស​រើស​និស្សិត​ ឱ្យ​ចូល​រៀន​តាម​រយៈ​ការ​ប្រឡង​ប្រជែង​ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​គុណ​ភាព​អប់រំ​នៅ​វិទ្យា​ស្ថាន​ជាតិ​ស្រប​តាម​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​ គឺ​ជម្រុញ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០​ និង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​​ឆ្នាំ ​២០៥០​។ ​ការ​សម្រេច​ឲ្យ​ បាន​នូវ​មហិច្ឆិតា​នេះ ​ទាម​ទារ​ឲ្យ​បង្កើន​ការ​បណ្តុះ​បណ្តាល​ធន​ធន​មនុស្ស​ដែល​មាន​ជំនាញ ​និងផលិត​ភាព​ខ្ពស់​ ការ​កសាង​ស្ថាប័ន​អប់​រំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បច្ចេក​ទេស​ប្រកប​ដោយ​គុណភាព​ និង​ជា​ពិសេស​ការ​ពង្រឹង​សមត្ថភាព​លើការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ​បច្ចេក​ទេស​ និង​នវានុវត្តន៍។​

ឯកឧត្តមរដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ «ការ​ពង្រឹង​គុណភាព​អប់រំ​ ជា​ពិសេស​ការ​អប់​រំ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ គឺ​មាន​សារៈ​សំខាន់​ណាស់ ​ក្នុង​ការ​ធានា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន​នាពេល​បច្ចុប្បន្ននេះ ​និង​ដើម្បី​ធានា​បាន​នូវ​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​មួយ​ដែល​មាន​គុណភាព​ វិទ្យា​ស្ថាន​ជាតិ​ត្រូវ​រៀប​ចំ​កម្មវិធី​សិក្សា​មួយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ទីផ្សារ​ការងារ​ ដោយ​ត្រូវ​សហការ​ឱ្យ​បាន​ល្អ​ជាមួយ​​វិស័យ​ឯកជន​»​។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ​ក៏​បាន​អំពាវ​នាវ​ដល់​ក្រុមហ៊ុន​ទាំង​ឡាយ​ ជា​ពិសេស​អស់​លោក​ លោក​ស្រី​ តំណាង​ក្រុម​ហ៊ុន​ ដែល​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ទូរ​គមនាគមន៍​ បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន​ សូម​មេត្តា​ផ្តល់​ការ​គាំទ្រ​ទាំង​ស្មារតី​ និង​សម្ភារៈ​ដល់​វិទ្យាស្ថាន​ជាតិ​ ដោយ​ផ្ដល់​កិច្ច​សហការ​ក្នុង​ការ​រៀប​ចំចង​ក្រង​កម្មវិធី​សិក្សា​ ផ្តល់​ឱកាស​កម្ម​សិក្សា​ដល់​និស្សិត​ របស់​វិទ្យាស្ថានជាតិ​ ក៏​ដូចជា​ផ្តល់​នូវអ្នក​ជំនាញ​បច្ចេក​ទេស ​ដើម្បី​ចូល​រួម​ធ្វើ​សិក្ខា​សាលា​ចែក​រំលែក​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ថ្មីៗ​ដល់​និស្សិត​។

ឯកឧត្ដមបណ្ឌិត​​ សេង ​សុភាព ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ NIPTICT ​មាន​ប្រសាសន៍​ថា៖​​ "វិទ្យា​ស្ថាន​ជាតិ​បាន​ធ្វើទំនើបកម្ម​ក្នុង​ការ​បង្រៀន​ ដោយ​ប្រើ​បច្ចេកវិទ្យា​ដូចជាការ​ប្រើ​ប្រាស់ ​e-Learning ​ជា​ឧបករណ៍​ជំនួយ​ក្នុង​ការ​បណ្តុះ​បណ្តាល ​អាច​អនុញ្ញាត​ឱ្យ​និស្សិត​ សិក្សា​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ជាង​មុន​។ ​វិទ្យា​ស្ថាន​ជាតិ​បាន​ដាក់​បញ្ចូល​នូវ​សកម្មភាព​ដទៃ​ទៀត​ទៅ​ក្នុង​កម្មវិធី​សិក្សា​ដូចជា ​ការ​ស្រាវជ្រាវ​ នវានុវត្តន៍​ និង​សហគ្រិន​ភាព​នៅកម្ពុជា​ ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ។ គុណ​ភាព​អប់រំ​តែម្យ៉ាង​ក៏​មិន​អាច​ធ្វើ​ឱ្យ​ការ​បណ្តុះ​បណ្តាល​ទទួល​បាន​ជោគ​ជ័យ​ដែរ​។​ យើង​ត្រូវ​ការ​ស្វែង​យល់​ពី​តម្រូវ​ការ​ទីផ្សា​រការងារ​ ដើម្បី​យើង​អាច​ផលិត​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ផង​ និង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ​ផង​ដែរ​​។ ដូច្នេះ​ហើយវិ​ទ្យាស្ថាន​ជាតិ ​NIPTICT​ បាន​ធ្វើការ​សហការ​ជាមួយ​ទាំងដៃ​គូ ទាំង​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​ឯកជន​ ដើម្បី​ស្វែង​យល់​ពី​តម្រូវ​ការ​ទីផ្សា​ការងារ​ដែល​អាច​ឱ្យ​យើង​អាច​កែ​លម្អរ​កម្ម​វិធី​សិក្សា​ស្រប​តាម​តថភាព​សង្គម​ជាក់​ស្តែង​"។​

ឯកឧត្ដមបណ្ឌិត​​ សេង ​សុភាព ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ NIPTICT

គូ​បញ្ជាក់​ផង​ដែរ​​ថា ​NIPTICT​ គឺ​ជា​គ្រឹះ​ស្ថាន​អប់រំ​ឧត្តម​សិក្សា​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​២០១៤ ​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​​ទូរ​គមនាគមន៍។​ វិទ្យាស្ថាន​ជាតិ​មួយ​នេះ ​មាន​បេសកកម្ម​ចំបង​ចំនួន៣​គឺ​: ទីមួយ​ផ្តល់​ការ​អប់រំ​ និង​កម្ម​វិធី​បណ្តុះ​បណ្តាល​សម្រាប់​សិស្ស​ និង​មន្ត្រីរាជ​ការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ និង​ភស្តុភា​ទូ​រ​គមនាគមន៍​ និង​បណ្តាញ​ និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ទីពីរ​គឺ​លើក​កម្ពស់​ការ​ស្រាវជ្រាវ​ និង​នវានុវត្តន៍​ក្នុង​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ និង​ទី៣ ​គឺលើក​កម្ពស់​សហគ្រិន​ភាព​វ័យ​ក្មេង​ក្នុង​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។ ចាប់​តាំង​ពី​ឆ្នាំ២០១៤​ រហូត​មក​ដល់​បច្ចុប្បន្ន​ NIPTICT​ បាន​ផ្តល់​កម្ម​វិធី​បណ្តុះ​បណ្តាល​លើ​មុខ​វិជ្ជា​មូល​ដ្ឋាន​កុំព្យូទ័រ​ជូន​មន្ត្រី​រាជ​ការ​ប្រមាណ​ជា​ង៣០០០នាក់​ និង​កម្មវិធី​បរិញ្ញា​បត្រ​ជូន​និស្សិត​ចំនួន​ជាង​៥០០​នាក់​។​​

ឆ្លៀតក្នុង​ឱកាស​នេះ ​ក្រុមហ៊ុន ​Smart​ Axiata​ ក្រុម​ហ៊ុ​ន​ Viettel​ និង​ក្រុម​ហ៊ុន ​Edotco​ បាន​ផ្តល់​នូវ​អាហា​រូបករណ៍​ដ​ល់​និស្សិត​ពូកែ​ចំនួន​សរុប​ ៣០នាក់ ​ដើម្បី​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​។​ វិភាគ​ទាន​នេះ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ របស់​វិស័យ​ឯកជន​ លើ​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ និង​ជា​ពិសេស​ភាព​ជា​ដៃ​គូរ​រវាង​វិស័យ​ឯកជន​ជាមួយ​នឹង​​គ្រឹះ​ស្ថាន​អប់រំ​បណ្ដុះ​បណ្ដាល​ ដែល​ជា​កត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព ​និង​មាន​និរន្តភាព​។


សម្រាប់​ព័ត៌​មាន​បន្ថែម​ សូម​ទំនាក់​ទំនង​មកកាន់៖​
លោកស្រី​ ឡា ​ណារីដា ​មន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​សិក្សា​
ទូរស័ព្ទ​លេខ​ 086​ 311 105​​
អ៊ីម៉េល ​narida.la@niptict.edu.kh​






























 

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​និវត្តមកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨ ​នៅ​សាធារណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧

ចំនួនអ្នកអាន 775

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤